ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគរុសិស្ស ដែលធ្លាប់ឆ្លងកាត់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការកន្លងមក
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបេក្ខជនជ័យលាភីនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ដែលកំពុងទទួលការបណ្តុះបណ្តាលកម្រិត ១២+២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។
បន្ថែមលើការសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់គរុសិស្សទាំងអស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីចែករំលែកនូវបទពិសោធ នៃការចូលរួមការប្រឡងនាពេលកន្លងមក។
តាមរយៈការចែករំលែកបទពិសោធនេះ គរុសិស្សសុទ្ធតែបង្ហាញការសាទរចំពោះការរៀបចំការប្រឡងប្រជែងកន្លងមក ជាពិសេសការគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ អ្វីដែលជាការកត់សម្គាល់លើសពីនោះ ប្អូនៗ ជាច្រើនសុទ្ធតែមានបំណងចូលរួមផ្លាស់ប្តូរផ្នត់គំនិតជាអវិជ្ជមាននានារបស់មហាជន និងកាត់បន្ថយការយល់ច្រឡំ ឬពាក្យចចាមអារាមនានា មកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ហើយតាមចិត្តធ្វើខ្លួនជាអ្នកនាំសារ ពន្យល់ប្រាប់ទៅកាន់អ្នកដទៃពីភាពជោគជ័យ និងភាពត្រឹមត្រូវនៃការប្រឡងប្រជែង ក្នុងនាមជាសាក្សីម្នាក់ដែលបានឆ្លងកាត់៕