សម្តេចធិបតី៖ CLMV ជាយន្តការរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ដល់ប្រទេសអាស៊ានថ្មីទាំង៤
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែលជាយន្តការមួយរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជម្រុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំង៤ រួបមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣ ៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពេលដែលប្រទេសខ្មែរ ប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រទេសវៀតណាម និងប្រទេសឡាវ ចូលអាស៊ានគេហៅថាប្រទេសអាស៊ានថ្មី៤ ប្រទេស, អាស៊ានមាន១០ ហើយ ៤ប្រទេសនេះសេដ្ឋកិច្ចក្រោយគេ ដើរក្រោយគេ ខ្សោយជាងគេពេលឆ្នាំ២០០០។ អីចឹងពេលដែលចូល ប្រទេសអាស៊ាន៦ ដែលមានសេដ្ឋកិច្ចខ្ពស់ៗ ព្រួយបារម្ភអំពីគម្លាត, ដោយដៃគូគ្នា១០នាក់ ៤នាក់ក្រោយ ៦នាក់ខ្លាំងដាក់ផែនកាទៅរួមយ៉ាងមិចកើត? អីចឹងមានតែបង្កើតប្លុកហ្នឹងគឺ CLMV ហើយនេះគឺជាការសម្រេចចិត្តរបស់អាស៊ាន ទាំង១០ប្រទេសនៅឆ្នាំ២០០០ ដើម្បីបង្កើតបន្តការនេះ ដើម្បីអាស៊ានប្រទេសអ្នកមាន៦ មកជួយ៤ប្រទេសទៀត ឱ្យកើនបានលឿន ដើម្បីឱ្យអាស៊ានសមាហរណកម្មទទួលបានជោគជ័យ មិនខុសពីអ៊ឺរ៉ុប EU ចូលគ្នានោះទេ អាល្លឺម៉ង់ខាងលិច ខាងកើតបញ្ចូលគ្នាភ័យអីចឹងដែរគេខ្លាចគម្លាតខ្លាំង អីចឹងគេមានកញ្ចប់សម្រាប់ជួយគ្នាឱ្យកើនឡើង អត់មានបាត់បង់ទៅណាទេ» ៕