ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» គឺជា ផែនទីបង្ហាញផ្លូវ និងជាការចែករំលែកការយល់ដឹង ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់សាធារណជន សំដៅចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន ឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបាននូវ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្ដល់ការគាំទ្រដល់ការបោះពុម្ពផ្សាយសៀវភៅ«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ផែនការយុទ្ធសាស្រ្តនេះត្រូវបានរៀបចំឡើងសម្រាប់បង្កើនការអប់រំ និងការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថានតាមរយៈវិស័យពាក់ព័ន្ធរបស់អង្គភាពចំណុះក្រសួងបរិស្ថាន។ ដើម្បីភ្ជាប់ទំនាក់ទំនងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើនការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន។
សូមជម្រាបជូនថា «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល ៥ឆ្នាំ២០២៤-២០២៨នេះ មានការកំណត់ទិសដៅជាយុទ្ធសាស្រ្តចំនួន ៧ និងយុទ្ធសាស្រ្តចំនួន ៣៦ រួមនិងសកម្មភាពចំនួន ៣១៩សកម្មភាព ដើម្បីការអនុវត្តប្រកបដោយប្រសិទ្ធភាព ៕