កម្ពុជា-អ៊ូហ្កង់ដា ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Okello Oryem Henry រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ូហ្កង់ដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះប្រទេសអ៊ូហ្កង់ដាដែលបានធ្វើជាប្រធាននៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ប្រកបដោយជោគជ័យ និងបានជួយជំរុញផលប្រយោជន៍និងសហប្រតិបត្តិការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។
ភាគីទាំងពីរបានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអ៊ូហ្កង់ដា។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ៕