ឯកឧត្តម សរ សុពុត្រា ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំត្រួតពិនិត្យសភាពការណ៍សន្តិសុខ និងវិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រជុំត្រួតពិនិត្យសភាពការណ៍សន្តិសុខ និងវិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក គឺជាសេនាធិការឱ្យគណៈបញ្ជាការរដ្ឋបាលខេត្ត ហើយមានតួនាទីភារកិច្ចដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងតំបន់ក្រុងស្រុករបស់ខ្លួន ព្រមទាំងរាយការណ៍ជូនដល់គណៈបញ្ជាការរដ្ឋបាលខេត្តដើម្បីឱ្យគណៈបញ្ជាការរដ្ឋបាលខេត្តទទួលបាននៅព័ត៌មានព្រមទាំងរាយការណ៍ជូនទៅថ្នាក់ជាតិជាបន្ត។
ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា កន្លងមកនេះគណៈបញ្ជាការរដ្ឋបាលក្រុងស្រុកទាំងអស់បានចូលរួមដោះស្រាយនូវបញ្ហាជាច្រើន ហើយទទួលបានលទ្ធផលល្អផងដែរ ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយផងដែរ ដូចនេះខ្ញុំសូមដាក់ចេញនៅវិធានការ ៥ចំណុច ដើម្បីធ្វើការបង្រ្កាបក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងខេត្តស្ទឹងត្រែងរបស់យើង។
ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា វិធានការទាំង៥ចំណុចនោះរួមមាន៖
ទី១៖ ធ្វើការទប់ស្កាត់ និងបង្រ្កាបទៅលើបញ្ហាគ្រឿងញៀន
ទី២៖ ធ្វើការទប់ស្កាត់និងបង្រាបរាល់ល្បែងស៊ីសងខុសច្បាប់
ទី៣៖ ធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក
ទី៤៖ ទប់ស្កាត់ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍
ទី៥៖ ទប់ស្កាត់ និងបង្រ្កាប់ទៅលើក្មេងទំនើងដែលបង្ករអសន្តិសុខដល់ស្រុក ភូមិ ឃុំ ខេត្តរបស់យើង។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការត្រួតពិនិត្យលើរបាយការណ៍នៃការអនុវត្តកិច្ចការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង និងពង្រឹងបន្ថែមលើកិច្ចការងារដែលបានដាក់ចេញឱ្យអនុវត្ត ៕