នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ ចំនួន៣វត្ត ក្នុងខេត្តស្វាយរៀង
ភ្នំពេញ៖
នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ចំនួន៣វត្តរួមមាន៖ វត្តសុផល្លារាម (ហៅវត្តព្រៃធ្នង់)ស្ថិតនៅក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប និងវត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ), វត្តពោធិ៍ទន្ទឹម(ហៅវត្តកក់) ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាស្រុកកំណើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការ បានឱ្យដឹងថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនជាតិខ្មែរគ្រប់រូប ពិធីបុណ្យនេះប្រារព្វឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយមានមាតា បិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្តសាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នាអាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានិងគ្នាទៅវិញទៅមកព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកនូវបច្ច័យនិងទេយ្យទានប្រគេនព្រះសង្ឃទាំង៣វត្តរួមមាន៖ អង្ករចំនួន ៣បាវ, មីម៉ាម៉ាចំនួន ១៥កេស, ទឹកដោះគោខាប់ចំនួន ៣កេស, ត្រីខកំប៉ុងចំនួន ៣កេស, ទឹកក្រូចចំនួន ១៥កេស, ទឹកផ្លែឈើចំនួន ១៥កេស, ទឹកត្រីចំនួន ១៥យួរ, ទឹកសុីអុីវចំនួន ១៥យួរ, ទឹកសុទ្ធចំនួន ១៥កេស, ស្ករសចំនួន ១៥គីឡូក្រាម, ប៊ីចេងចំនួន ១៥គីឡូក្រាម, តែចំនួន ៣កញ្ចប់ធំ, ធូបចំនួន ៣ដុំ, នំធុងចំនួន ៣ធុង, ចង្ហាន់ប្រគេនព្រះសង្ឃចំនួន ២១ស្រាក់ និងស្លាដកប្រគេនព្រះសង្ឃចំនួន ២១អង្គ និងបច្ច័យកសាងវត្តទាំង៣ចំនួន ១៥,១០០,០០០រៀល សរុបបច្ច័យចំណាយទាំង៣វត្តអស់ចំនួន ២១,៤៤៥,០០០រៀល ៕