កម្ពុជា-វេណេស៊ុយអេឡា ផ្លាស់ប្តូរយោបល់ពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Yván Gil Pinto រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋវេណេស៊ុយអេឡា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយជម្រាបជូនថា ទោះបីជាភូមិ សាស្ត្រ រវាងប្រទេសទាំងពីរនៅឆ្ងាយពីគ្នា កម្ពុជាតែងតែផ្តល់សារសំខាន់ដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវេណេស៊ុយអេឡា និងបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន។
ឯកឧត្តម Yván Gil Pinto បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឯកភាពទទួលជួបក្នុងឱកាសមមាញឹកខ្លាំងនៃការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩នេះ និងបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ៕