អគ្គលេខាធិការ UN កោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន៤ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុ ជាបច្ចុប្បន្ននេះមានមោទនភាពដែលបានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។
ឯកឧត្តមអគ្គលេខាធិការក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជានិងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ ៕