សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ខេត្តស្វាយរៀង
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញសូត្រមន្តវេនកាន់បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៣នេះ ក៏មានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តស្វាយរៀង រួមជាមួយប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏បានបានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ។ ម៉្យាងទៀត ក៏ជាឱកាសជួបជុំ សាច់ញាតិ បងប្អូនធ្វើបុណ្យទាន ក៏ដូចជាការរួមចំណែក លើកដំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ៕