សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ដល់យោធិន និងគ្រួសារយោធិនចំនួន ៣១គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ព្រមទាំងលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ ផ្នែក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិន និងគ្រួសារយោធិនដែលមានជីវភាពទីទ័លក្រ ចំនួន ៣១គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ភើយ លំអង បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព គ្រួសារកងទ័ពជាប់ជានិច្ចគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយសម្តេច តែងតែជួយឧបត្ថម្ភទាំងថវិកា សម្ភារៈ និងឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគដល់យោធិន និងគ្រួសារដែលជួបការលំបាកជាប់ជាប្រចាំ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង ក៏បានប្រគល់នូវអំណោយឧបត្ថម្ភរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់យោធិន និងគ្រួសារយោធិនទាំង ៣១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០.០០០រៀល អង្ករ ២៥គីឡូក្រាម មី; ទឹកត្រី; ទឹកស៊ីអុីវ។ ដោយឡែកភរិយា សពឧត្តមសេនីយ៍ទោ ហួម ខ្វែក អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ទទួលបានថវិកា ១.៥០០.០០០រៀល អង្ករ ១០០គ.ក្រ និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕