ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ ដែលបានហក់ឡើងជាបន្តបន្ទាប់ ធ្វើឱ្យទឹកទន្លេហូរចូលគ្រប់ច្រកល្ហក ជាពិសេសទឹកជន់លេចតំបន់ទំនាប ស្ថានភាពនេះបណ្តាលឱ្យកើតមានឧបទ្ទវហេតុមួយចំនួនខូចខាតផ្ទះសម្តែង ផលដំណាំ ស្ថិតនៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ពិធីនេះអមដំណើរដោយ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងត្បូងឃ្មុំ អភិបាលស្រុកត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
យោងតាមលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានរាយការណ៍ជូនទេសរដ្ឋមន្ដ្រីជ្រាបថា ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពមានចំនួន ១,១៨១គ្រួសារ ស្មើរនឹង ៤,០២៥នាក់ និងសត្វពាហនៈចំនួន ១៧៤៦ក្បាល មកស្នាក់នៅលើទីទួលសុវត្ថិភាពចំនួន ១១ទីតាំង ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ។
ក្នុងឱកាសក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការសួរសុខទុក្ខផ្តាំផ្ញើពីសំណាក់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមទូក ពិសេសកូនក្មេង សត្វចិញ្ចឹម ប្រព័ន្ធភ្លើងអគ្គិសនី ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុកើតឡើងណាមួយផងដែរ ៕