សម្តេចបវរធិបតី ថ្លែងអំណរគុណចំពោះកងកម្លាំង និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានថ្លែងអំណរគុណចំពោះមន្រ្តីរាជការ អាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្ត គ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយ រីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំង ជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ យើង ឱ្យបានឋិតថេរគង់វង្សតរៀងទៅ (១៨ កញ្ញា ~ ២ តុលា ២០២៤)។
នៅរសៀលថ្ងៃដដែលនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច។
ជាមួយគ្នានេះ សម្ដេចធិបតី សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ៕