អភិបាលខេត្តឧត្តរមានជ័យ ជូនដំណើរប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃជាមួយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌបញ្ចប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ បានជូនដំណើរប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃជាមួយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម មាន ចាន់យ៉ាដា បានឱ្យដឹងថា “ ភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយធ្វើដំណើរដោយឥតគិតថ្លៃជាមួយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ចេញពីភ្នំពេញ-បណ្ដាខេត្ត-ភ្នំពេញ មិនតែប៉ុណ្ណោះសម្រាប់ខេត្តឧត្តរមានជ័យក៏បានបន្តដឹកបងប្អូនទៅតាមបណ្ដាស្រុកដោយឥតគិតថ្លៃផងដែរ។
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ ខ្ញុំបាទបានជូនដំណើរបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ដែលធ្វើដំណើរពីខេត្តឧត្តរមានជ័យ ទៅកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់។ គ្រប់គ្នាមានក្តីសប្បាយរីករាយក្រៃលែងដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលអាចធ្វើដំណើរពីភ្នំពេញមកតាមបណ្ដាខេត្តដោយឥតគិតថ្លៃ ហើយសម្រាប់រដ្ឋបាលខេត្តឧត្តរមានជ័យក៏បន្តដឹកបងប្អូនទៅតាមបណ្ដាស្រុកដោយឥតគិតថ្លៃដូចគ្នា”៕