រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ ការទិញភ្លើងពីបរទេស មិនមែនមានន័យថា កម្ពុជាពឹងដង្ហើមគេដកនោះទេ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការទិញភ្លើងពីបរទេស មិនមែនមានន័យថា កម្ពុជាពឹងដង្ហើមគេដកនោះទេ ប៉ុន្តែជាបំពេញបន្ថែម បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស ស្របពេលដែលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទិញថាមពលអគ្គិសនីមួយចំនួន ពីប្រទេសជិតខាង។
ឯកឧត្ដមបានលើកឡើងថា បើទោះបីជាកម្ពុជា បាននាំចូល ថាមពលពីវៀតណាម ពីថៃ និងឡាវ សម្រាប់ប្រើប្រាស់ក៏ដោយ ប៉ុន្តែមិនឱ្យលើសពី ៣០%នៃការប្រើប្រាស់សរុបនេះនោះទេ។ ហើយនេះ គឺជាគោលការណ៍តាំងពីរដ្ឋាភិបាលពីអាណត្តិចាស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្ដមបានបញ្ជាក់ថា ការនាំចូលនេះ គឺជាការបំពេញបន្ថែម ដើម្បីឱ្យកម្ពុជាមានថាមពលភាគច្រើន នៅក្នុងដៃរបស់ខ្លួន ដើម្បី សម្រេចបាននូវសន្តិសុខថាមពល ខណៈប្រទេសនានា ក៏ធ្វើបែបនេះដូចគ្នា។ ជាក់ស្តែងវៀតណាម ដែលកំពុងលក់ភ្លើងជាង ២០០មេហ្គាវ៉ាត់ឱ្យកម្ពុជា ប៉ុន្តែវៀតណាមក៏កំពុងទិញភ្លើងជាង ៦០០មេហ្គាវ៉ាត់ពីចិន និងរាប់ពាន់មេហ្គាវ៉ាត់ពីឡាវ ។ ចំណែកថៃវិញ ដែលកំពុងលក់ភ្លើងតិចតួចឱ្យកម្ពុជា ក៏កំពុងទិញភ្លើងរាប់ពាន់មេហ្គាវ៉ាត់ ពីឡាវផងដែរ។ រីឯសហរដ្ឋអាមេរិក ក៏ទិញពីកាណាដា សម្រាប់បំពេញតម្រូវការក្នុងស្រុកដូចគ្នា៕