ស.ស.យ.ក រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ដើម្បីថែរក្សាកេរដំណែលពីដូនតា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ដែលបានប្រពឹត្តឡើងនៅវត្ត និគ្រោធវ័ន គល់ទទឹង រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ និងមានប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។
កម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជាការចូលរួមបន្តថែរក្សាកេរដំណែលពីដូនតា ផ្តល់ឱកាសឱ្យយុវជនខ្មែរជំនាន់ក្រោយ ស្វែងយល់និងប្រតិបត្តិផ្ទាល់ ក្នុងការវេចនំ ក្នុងឱកាស ភ្ជុំបិណ្ឌ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីជាច្រើនជូនបងប្អូនខ្មែរដូចជា:
-ការសមាធិរួមគ្នា អមជាមួយការសម្តែងព្រះធម៌ទេសនាដោយ ព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាព
-ការប្រកួតវេចនំអន្សម និងញ៊ាំនំអន្សម
-ការធ្វើបទបង្ហាញអំពីពាក្យសង្ឈសព្ទ និងវគ្គសំណួរចម្លើយអំពីពាក្យសង្ឃសព្ទ
-ទស្សន៍ទាយឈ្មោះនំខ្មែរ
-ការសម្តែងចាបុីដងវែង
-ការស្មូត និងសូត្រកំណាព្យ
-ការបង្ហាញពីរបៀបបត់ផ្កា និងចាក់ផ្កា
-ការបណ្តែតប្រទីបនាពេលរាត្រី។
សហភាពសហព័ន្ធយុវជនកម្ពុជា បានខិតខំប្រឹងប្រឺងទាំងកម្លាំងចិត្តកម្លាំងកាយក្នុងការរៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ដែលនាំឱ្យប្រជាជនខ្មែរមានឱកាសជួបជុំប្រកបដោយភាពស្និលស្នាល ពោរពេញទៅដោយស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់។ ទិដ្ឋភាពទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនខ្មែរ បានពេញចិត្តយ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីនេះឡើង ក៏ដូចជាការពេញចិត្តចូលរួមបន្តថែរក្សាកេរដំណែលពីដូនតាផងដែរ។
បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ទៅដោយរលូន ក្រុមការងារនៃកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” បានបន្តចែករំលែកក្ដីស្រលាញ់ និងស្នាមញញឹមនេះ ដោយនាំយកនូវនំដែលវេចបានពីកម្មវិធី និងអំណោយមួយចំនួនពីដៃគូសហការ ជូនទៅកាន់ប្អូនៗ នៃអង្គការផ្ទះបាយកុមារ និងអ៊ំៗ ពូៗ នៃសមាគមស៊ីក្លូផងដែរ៕