អភិបាលខេត្តកណ្ដាល ដឹកនាំបញ្ជាស្វែងរកសពយុវជនម្នាក់ដោយផ្ទាល់នៅនឹងកន្លែងកេីតហេតុ ដែលលង់ទឹកក្នុងទន្លេបាសាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្រោយពីទទួលដំណឹង ថាមានករណីយុវជនលង់ទឹក ឯកឧត្ដមបានអញ្ជើញចុះពិនិត្យ និងដឹកនាំបញ្ជាស្វែងរកផ្ទាល់នៅនឹងកន្លែងកេីតហេតុ ដោយបានការអញ្ជើញចូលរួម ពីសំណាក់ កងកម្លាំងទាំងបី បញ្ញាធរពាក់ព័ន្ធ បានចូលរួមស្វែងរកយុវជនដែលបានលិចទូកកាលពីម៉ោង ៤សៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល។
សូមបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានករណីយុវជនហាត់សមទូកនៅទន្លេបាសាក់ ក្នុងឃុំកោះខែល ស្រុកស្អាង ក្រោយពេលហាត់សមបានបន្តិចទូកក៏បានលិចនៅក្នុងទន្លេ មកដល់ពេលនេះបាត់ខ្លួនយុវជន១រូប ឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាសិស្ស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មកដល់ម៉ោងនេះមិនទាន់បានរកឃើញនៅឡើយទេ ៕