រដ្ឋបាលខេត្តកែប បង្ហាញលេខទូរសព្ទចំនួន ៣ខ្សែ សម្រាប់ពលរដ្ឋរាយការណ៍ ករណីជួបភាពមិនប្រក្រតីលេីការផ្ដល់សេវាកម្មនានា ពិសេសតម្លៃម្ហូបអាហារ
ភ្នំពេញ៖ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហាញលេខទូរសព្ទរបស់មន្ត្រីទទួលបន្ទុក សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ភ្លាមៗ ក្នុងករណីជួបប្រទះភាពមិនប្រក្រតីលេីការផ្ដល់សេវាកម្មនានារបស់អាជីវករក្នុងខេត្តកែប ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ។
លេខទូរសព្ទនោះមាន៣ខ្សែ៖
– 012 821 411
– 088 432 0034
– 099 549 789។
ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ ខេត្តកែបនូវការទទួល បដិសណ្ឋារកិច្ចពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាសម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុង រយៈពេល៣ថ្ងៃ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរមានចំនួន ៧៩,៥៣៨ នាក់ កេីនឡេីង ២៦,១១% (១៦,៤៧២ នាក់) បេីប្រៀបធៀបនឹងឆ្នាំ២០២៣។
ឯកឧត្ដម សោម ពិសិដ្ឋ បានលើកឡើងថា “ទោះបីជាការខិតខំប្រឹងប្រែងឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយយេីងក៏អាចនៅមាន ចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារនៅខេត្តកែប”។
ឯកឧត្ដម សោម ពិសិដ្ឋ បន្តថា រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ ក្នុងន័យ ស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរ ទាំងអស់ដេីម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហេីយ ក៏ជាចំណុចដែលរដ្ឋបាលខេត្ត បាន យកចិត្តទុកដាក់ជាប្រចាំឲ្យកាន់តែល្អប្រសើរ សំដៅធ្វេីយ៉ាងណាឲ្យខេត្តកែប កាន់តែមានភាពទាក់ទាញនិងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍ នានាសម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋជាបន្តទៀត៕