រុស្ស៊ី បានសម្រេចចិត្តដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ
មូស្គូ៖ រុស្ស៊ីបានសម្រេចចិត្តដកក្រុមតាលីបង់ចេញពីបញ្ជីអង្គការភេរវករ នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ី។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង «ក្នុងកម្រិតខ្ពស់បំផុត» ហើយនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីធ្វើឱ្យវាក្លាយជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែកក្កដាថា រុស្ស៊ីចាត់ទុកក្រុមតាលីបង់ជាសម្ព័ន្ធមិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ រុស្ស៊ីបាននិងកំពុងកសាងទំនាក់ទំនងជាមួយតាលីបង់ ចាប់តាំងពីពួកគេបានឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០២១។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា រុស្ស៊ីជឿជាក់ថា ចាំបាច់ត្រូវរក្សា «ការសន្ទនាជាក់ស្តែង» ជាមួយរដ្ឋាភិបាលតាលីបង់ ហើយនឹងបន្តអភិវឌ្ឍទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថាន។ លោកក៏បានសរសើរតាលីបង់ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការទប់ស្កាត់ការផលិតគ្រឿងញៀន និងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ថា គ្មានប្រទេសណាមួយបានទទួលស្គាល់ជាផ្លូវការថា ក្រុមតាលីបង់ជាអ្នកដឹកនាំស្របច្បាប់របស់ប្រទេសនោះទេ បើទោះបីជាប្រទេសចិន និងអារ៉ាប់រួម (UAE) បានទទួលយកឯកអគ្គរដ្ឋទូតរបស់ខ្លួនក៏ដោយ។
រុស្ស៊ីបានដាក់បញ្ចូលក្រុមតាលីបង់ទៅក្នុងបញ្ជីអង្គការភេរវកររបស់ខ្លួនក្នុងឆ្នាំ ២០០៣។ ការដកតាលីបង់ចេញពីបញ្ជីភេរវករនេះ គឺជាជំហានដ៏សំខាន់មួយ សម្រាប់រុស្ស៊ីក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថានមានលក្ខណៈធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ ទំនងជានឹងបង្កឱ្យមានការរិះគន់ពីប្រទេសលោកខាងលិច ដែលនៅតែចាត់ទុកតាលីបង់ជាក្រុមភេរវករ៕