ក្រសួងទេសចរណ៍ អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្ម ក្នុងអំឡុងពេលប្រឡងបាក់ឌុប
ភ្នំពេញ៖ ក្រសួងទេសចរណ៍សូមជម្រាបជូន ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅ តាមរាជធានី-ខេត្ត មេត្តាជ្រាបថា នៅថ្ងៃអង្គារ-ពុធ ០៦-០៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡង ផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។
អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍សូម អំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួល ថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។
ក្រសួងទេសចរណ៍សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវខាងលើ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់៕