រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។
ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ គ្រាដែលឯកឧត្តមដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា លោកពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ព្រមសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។
ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង»។
សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះបានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។ ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននឹងកំពុងថែរក្សា និងអភិរក្សដំរីស្រុកចំនួន ៤ក្បាលក្នុងនោះឈ្មោលពីរ ញីមួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុក ៕