ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិធីផ្សព្វផ្សាយព្រឹតិ្តការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អង្គភាពចំណុះក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នៅក្នុងកិច្ចប្រេជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ស្វាគមន៍ និងបានរាយការណ៍អំពីសកម្មភាពដែលបានអនុវត្តនាពេលកន្លងទៅរបស់អគ្គលេខាធិការដ្ឋាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានចេញននូវផែនការ ដោយត្រូវធ្វេីការបង្ត្រាបនៅរាល់បញ្ហាគ្រឿងញៀនឱ្យបានគ្រប់ទម្រង់ រួមទាំងការដាក់ចេញនូវផែនការផ្សព្វផ្សាយអប់រំឱ្យបានផុលផុស ដល់ប្រជាពលរដ្ឋយល់ដឹងឱ្យបានច្បាស់នៅបញ្ហាគ្រឿងញៀនផងដែរ។
សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានដាក់ចេញជាគោលការណ៍ណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ ឱ្យធ្វើការផ្សព្វផ្សាយពីព្រឹត្តការណ៍សំខាន់ៗពាក់ព័ន្ធ នឹងតួនាទី ភារកិច្ច និងបេសកកម្ម របស់អង្គភាពចំណុះក្រសួងមហាផ្ទៃ ជារៀងរាល់សប្តាហ៍ជូនដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ៕