អភិបាលខេត្តក្រចេះ បន្តនាំយកស្រូវពូជរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន០៣ឃុំ ក្នុងស្រុកចិត្របុរី
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញបន្តនាំយកស្រូវពូជរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន០៣ឃុំ ក្នុងស្រុកចិត្របុរី រួមមានឃុំសំបុក ចំនួន២០០គ្រួសារ, ឃុំបុសលាវចំនួន៦៣០គ្រួសារ និងឃុំកោះច្រែងចំនួន១០០គ្រួសារ ក្នុង១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុបចំនួន៩៣.០០០គីឡូក្រាម។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកនាយករដ្ឋបាលខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះក្នុងពេលទឹកជំនន់ និងក្រោយទឹកជំនន់ ដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ ជាពិសេស គឺបងប្អូនប្រជាកសិករមានលទ្ធភាពក្នុងការស្តារឡើងវិញការដាំដុះ ដោយរាជរដ្ឋាភិបាលបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត ដើម្បីមានលទ្ធភាពស្តារឡើងវិញឱ្យទាន់ពេលវេលា ៕