កម្ពុជា ប្តេជ្ញាចិត្តផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាច របស់ស្ត្រីលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់។
ការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៨ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
ឆ្លៀតនាឱកាសនោះ មន្ត្រីជាន់ខ្ពស់កម្ពុជា ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ឆ្លងដែន។
ចំពោះរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីលើគ្រប់វិស័យ រួមទាំងការបង្កើនការពង្រាយកងកម្លាំងស្ត្រីនៅក្នុងជួរកងយោធពល ខេមរភូមិន្ទ និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន ដែលបានរួមចំណែកវិភាគទានហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ហើយបានជម្រាបជូនប្រទេសសមាជិកអាស៊ានថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកមួយដែលគ្មានមីននៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា អង្គប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការមេស្ដីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ហើយទន្ទឹងរង់ចាំរបាយការណ៍វាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្ត ផែនការនេះដោយលេខាធិការដ្ឋានអាស៊ាន ៕