កម្ពុជាគាំទ្រការបង្កើតអង្គភាពនៅក្នុងលេខាធិការដ្ឋានអាស៊ាន ដើម្បីជួយទីម័រខាងកើត បំពេញលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគាំទ្រចំពោះការបង្កើតអង្គភាពនៅក្នុងលេខាធិការដ្ឋាន អាស៊ាន ដើម្បីជួយទីម័រខាងកើតបំពេញលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៥ (ACC) បានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) ក្នុងការរៀបចំបណ្តាផែនការ យុទ្ធសាស្ត្រថ្មីសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលរំពឹងថានឹងត្រូវបានអនុម័តនៅ ឆ្នាំក្រោយ អំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន។
កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីវឌ្ឍនភាព ក្នុងការ អនុវត្តផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត និងបានផ្លាស់ប្ដូរ ទស្សនៈអំពីវិធីពន្លឿនដំណើរការចូលជាសមាជិកពេញសិទ្ធិអាស៊ាន។
យោងតាមសេចក្តីសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន លើកទី២៨ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន លើកទី៣៥ ចុះថ្ងៃទី៨ ខែតុលានេះ បានឲ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក៏ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រទីម័រខាងកើត ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះការបង្កើតអង្គភាពនៅក្នុងលេខាធិការដ្ឋាន អាស៊ាន ដើម្បីជួយទីម័រខាងកើតបំពេញលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ដូចដែលមានចែងក្នុង ផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម័រខាងកើត៕