ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយផែនការ សហការការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យអុំទូក នៅខេត្តកំពង់ធំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការប្រជុំផ្សព្វផ្សាយបែងចែកភារកិច្ច ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ដីពីការប្រើប្រាស់កម្លាំង និងការបែងចែកភារកិច្ចទទួលខុសត្រូវតាមតំបន់នីមួយៗ ជូនបណ្ដាកងឯកភាព ដែលមានការពាក់ព័ន្ធ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកំពង់ធំ ឆ្នាំនេះ និងប្រព្រឹត្តទៅ នៅថ្ងៃទ១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រណាំងទូកចំនួន៦៤ ទូក ក្នុងនោះមានប្រភេទទូក ង ចំនួន ៩ ទូក ប្រភេទទូកខ្នាតអន្តរជាតិចំនួន ៤០ ទូក និងទូកផ្កាចារចំនួន ១៥ ទូក និងមានការបាញ់កាំជ្រួច នៅមាត់ស្ទឹងក្នុងទីរួមខេត្តកំពង់ធំ ដើម្បីអបអរសាទរប្រកបដោយភាពអធិកអធម ជូនប្រជាជនសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំនិងប្រគល់ភារកិច្ចជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការបណ្ដាកងឯកភាពដែលមានការពាក់ព័ន្ធ និងកងកម្លាំង ដែលមានភារកិច្ច ត្រូវសហការអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការដែលបានប្រគល់ជូន ហេីយត្រូវធ្វើយ៉ាងណារក្សាឲ្យបានសន្តិសុខសុវត្ថិភាព ទាំងពេលថ្ងៃ នឹងពេលយប់ ដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិ ដែលខេត្តកំពង់ធំយើងតែងតែបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនាពេលកន្លងទៅ ៕