ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្រីក្រលំបាកចំនួន៣០០គ្រួសារ រស់នៅខេត្តកំពង់ធំ ទទួលបានអំណោយពីមន្ទីរសង្គមកិច្ច
ភ្នំពេញ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្រីក្រលំបាកចំនួន៣០០គ្រួសារ ស្ថិតក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយពី មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងចែកជូនដោយផ្ទាល់ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះឯកឧត្ដម នួន ផារ័ត្ន គូសបញ្ជាក់ថា កន្លងមក ស្រុកកំពង់ស្វាយ គឺជាស្រុកមួយដែលទទួលរងគ្រោះទឹកជំនន់ ខូចខាតស្រូវច្រើនជាងគេក្នុងចំណោមស្រុកដទៃទៀត ហើយរដ្ឋបាលខេត្តកំពង់ធំ បានជំរុញដល់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើរបាយការណ៍ទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះហន្តរាយថ្នាក់ជាតិ ស្នើសុំស្រូវពូជចែកជូនបងប្អូនដែលទទួលរងគ្រោះខូចខាតដំណាំស្រូវ ដើម្បីស្តារនូវស្ថានភាពដំណាំស្រូវបន្ទាប់ពីទឹកស្រក់ទៅវិញ។
ទន្ទឹមគ្នានោះ ឯកឧត្ដមអភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចមហាបវរមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ៕