កិច្ចប្រជុំកំពូលអាស៊ាននៅឡាវ ថៃបង្ហាញផ្លូវថ្មីមួយ ដើម្បីបញ្ចប់វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា
វៀងចន្ទន៍៖ មេដឹកនាំនៃបណ្តាប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នានៅប្រទេសឡាវនៅថ្ងៃពុធទី៩ ខែតុលា សម្រាប់កិច្ចប្រជុំកំពូល ដោយប្លុកនេះរំពឹងថានឹងស្វែងរកកូនសោបញ្ចប់សង្រ្គាមស៊ីវិលកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទន្ទឹមនឹងប្រទេសថៃ ជាអ្នកបង្ហាញផ្លូវថ្មីមួយសម្រាប់ដំណោះស្រាយនយោបាយ បន្ទាប់ពីខិតខំប្រឹងប្រែង ដើម្បីសន្តិភាពក្នុងតំបន់ដែលមានការរីកចម្រើនតិចតួច។
ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលប៉ះពាល់ដល់មនុស្សចំនួន៥៥លាននាក់។ រហូតមកដល់ពេលនេះ របបយោធាដែលកំពុងកាន់អំណាច មិនព្រមពិភាក្សាជាមួយគូប្រជែងរបស់ខ្លួនឡើយ ហើយថែមទាំងចាត់ទុកក្រុមប្រដាប់អាវុធទាំងនោះជា «ភេរវករ» ទៀតផង។ ថៃបានចំណាយពេលក្នុងសប្តាហ៍នេះ ដើម្បីពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីព្យាយាមស្វែងរកផ្លូវចេញពីជម្លោះដែលមិនអាចដោះស្រាយ និងបានធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។
លោក នីកនឌិច បាឡាំងគូរ៉ា (Nikorndej Balankura) អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់អ្នកយកព័ត៌មានថា «យើងចង់ឃើញមានដំណោះស្រាយនយោបាយ។ ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសសមាជិកទាំងអស់ ដូច្នេះ នឹងមានកិច្ចខិតខំប្រឹងប្រែងអាស៊ានរួមគ្នា ដែលអាចនាំទៅរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ លោកបន្ថែមថា គំនិតផ្តួចផ្តើមរបស់ប្រទេសថៃ នឹងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងសន្តិភាពអាស៊ាន ដែលមានស្រាប់ ប៉ុន្តែភ្លាមៗនេះប្រហែលជាមិនពាក់ព័ន្ធនឹងប្រទេសក្រៅតំបន់នោះទេ។
យ៉ាងណា ផែនការសន្តិភាពរបស់អាស៊ាន ឬ «កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច» មិនមានការរីកចម្រើនទេ។ កាលពីប៉ុន្មានខែមុន ថៃបានស្នើប្រទេសជិតខាងដ៏មានឥទ្ធិពលផ្សេងទៀតរបស់មីយ៉ាន់ម៉ា ដូចជា៖ ចិន និងឥណ្ឌា អាចនឹងដើរតួនាទីក្នុងកិច្ចប្រឹងប្រែងសន្តិភាព។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានអះអាងថា អាស៊ានបានប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែឡាវមានវិធីសាស្ដ្រផ្ទាល់ខ្លួន ដើម្បីដោះស្រាយ។ លោកក៏បានបានថ្លែងថា «យើងជួយគ្នាទៅវិញទៅមក និងសហការគ្នាទៅវិញទៅមកតាមរបៀប និងគោលការណ៍អាស៊ាន។
សង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា និងបញ្ហាដ៏រសើបនៅសមុទ្ទចិនខាងត្បូង គឺជាបញ្ហាសំខាន់ សម្រាប់កិច្ចប្រជុំមេដឹកនាំអាស៊ាននៅរដ្ឋធានីវៀងចន្ទន៍ ដែលនឹងចូលរួមដោយនាយករដ្ឋមន្ត្រី និងអ្នកការទូតកំពូលមកពីមហាអំណាចក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន, នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី, នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គើរូ អ៊ីហ្ស៊ីបា, នាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡាវរ៉ូវ ស្ថិតក្នុងចំណោមអ្នកចូលរួមទាំងអស់៕