ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តរតនគិរី
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅខេត្តរតនគិរី។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់ដែលរាយការណ៍ដោយឯកឧត្តម យក់ ប៊ុនណា រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.), អគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអ្នកពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះ ប្រកបដោយបរិយាកាសរីករាយ និងទទួលបានភាពជោគជ័យខ្ពស់។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលបានចូលរួមស្តាប់ និងផ្តល់យោបល់ ព្រមទាំងចែករំលែកនូវបទពិសោធ និងចំណេះដឹង ដើម្បីរួមចំណែកក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យកាន់តែល្អ មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីដែលមានគុណវុឌ្ឍិ និងសមត្ថភាពជំនាញខ្ពស់ បានបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ដោយបានលើកឡើងថា “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដែលផ្តោតលើសមិទ្ធកម្មការងារ និងគុណវុឌ្ឍិរបស់មន្ត្រីជាជាងមុខងារ ក្របខណ្ឌ ឋានន្តរសក្តិ និងបង្កើតបានជាយន្តការរួមមួយដែលមានលក្ខណៈបត់បែន ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដែលផ្តល់ឱកាសដល់មន្ត្រី និងប្រធាន អង្គភាពជួបពិភាក្សាគ្នា និងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ ការតាមដានត្រួតពិនិត្យការងារជាប្រចាំ និងវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីនៅរៀងរាល់ចុងឆ្នាំ ដើម្បីបន្ត ឬបញ្ចប់កិច្ចសន្យា។ ចំណុចពិសេស គឺការផ្តល់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តផ្អែកលើសមិទ្ធកម្មការងារជាក់ស្តែងរបស់មន្ត្រី ព្រមទាំងទទួលបានអត្ថប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ច ដូចគ្នានឹងមន្ត្រីរាជការក្របខណ្ឌដែរ។
ចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សិក្ខាសាលាដែលយើងបាន និងកំពុងរៀបចំក្នុងថ្ងៃនេះ គឺជាវេទិកាពិគ្រោះយោបល់ចុងក្រោយ បន្ទាប់ពីបានពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្នុងវិស័យសុខាភិបាលកាលពីកន្លងមក ដើម្បីប្រមូលធាតុចូលឱ្យបានគ្រ ប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីដែលជាអ្នកអនុវត្តផ្ទាល់ លើគោលការណ៍ និងគោលនយោបាយថ្មី ក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ ទាំងនៅថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ក្នុងការៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ រួមជាមួយនឹងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរៀបចំសុំការសម្រេចពីសម្តេចធិបតី ដើម្បីដាក់ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឬគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៕