សមាគមន៍នារី នៃក្រសួងពត៌មាន ផ្ដល់អង្ករវីតាមីន ដល់មណ្ឌលអប់រំកែប្រែទី២
ភ្នំពេញ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួល អង្ករវីតាមីន ពីសមាគមន៍នារី នៃក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានសមាជិក នៃសមាគមន៍នារី នៃក្រសួងព័ត៌មាន និងមន្រ្តីជំនាញពាក់ព័ន្ធ រួមទាំងជនជាប់ឃុំ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅក្នុងពន្ធនាគារ និងកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងជនជាប់ឃុំ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានមានប្រសាសន៍សួរសុខទុកទៅកាន់ជនជាប់ឃុំជាស្រ្តីដែលមានកូនតាមម្តាយ និងបានធ្វើការកោតសរសើរអំពីជំនាញដេរប៉ាក់កាបូបបានយ៉ាងស្អាតល្អ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា និងសមាគមន៍នារី នៃក្រសួងព័ត៌មាន ក៏បាននាំយកអំណោយសម្រាប់ផ្តល់ជូនមណ្ឌលអប់រំកែប្រែទី២ រួមមាន៖
– អង្ករវីតាមីន ៦០០ កេស = ៧.៩៨០ គីឡូក្រាម
– ថ្នាំដុសធ្មេញ ៧០០ ទីប
– អាវយឺតស្រី្ត ២៤៦ អាវ
– ខោយឺតស្រ្តី ៦០ ខោ
– ខោយឺតជើងវែងកុមារ ៣៨ខោ
– អាវយឺត កុមារី ២០ អាវ
– អាវយឺតកុមារា ១៨ អាវ
– កាបូប និងនំសម្រាប់កុមារ ៤០កញ្ចប់ ៕