ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យតម្លៃស្រូវពលរដ្ឋលក់ឲ្យរោងម៉ាស៊ីននៅខេត្តបាត់ដំបង និងពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងសហការី នៅរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤នេះបានអញ្ជើញចុះពិនិត្យតម្លៃស្រូវនៅរោងម៉ាស៊ី ភូ ពូយ នៅស្រុកបវិល ខេត្តបាត់ដំបង និងចុងក្រោយ រោងម៉ាស៊ីន ភូ កុកគី ស្ថិតនៅខេត្តពោធិ៍សាត់។
ការអញ្ជើញចុះពិនិត្យមើលផ្ទាល់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច នៅរោងម៉ាស៊ីនខាងលើនេះ ដោយ គិតត្រឹមថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលានេះ បង្ហាញថា តម្លៃស្រូវនៅតាមរោងម៉ាស៊ីន ដែលរោងម៉ាស៊ីនបានទិញគឺ តម្លៃនៅរក្សាបានស្ថេរភាពល្អនៅឡើយ ពោល កសិករលក់នៅអាចលក់ទទួលផលចំនេញនៅឡើយ ខុសពីតម្លៃមុនភ្ជុំបិណ្ឌកន្លងទៅ។
ជាក់ស្តែងស្រូវស្រង៉ែវិញ រោងម៉ាស៊ីន ភូ ពូយ ទិញ ក្នុងតម្លៃ ១០៥០រៀល ដែលកាលមុនភ្ជុំបិណ្ឌតម្លៃ ១០៨០រៀល ក្នុង១គីឡូក្រាម។ សម្រាប់រោងម៉ាស៊ីន ភូ កុកគី ស្រូវសែនក្រអូបទិញនៅរោងម៉ាស៊ីន ក្នុងតម្លៃ ១១៥០រៀល ស្រូវស្រង៉ែ ទិញតម្លៃ ១១៥០រៀល។
ជាមួយនិងការអញ្ជើញចុះ ពិនិត្យផ្ទាល់របស់ ឯកឧត្តមបណ្ឌិត គឺ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទិញស្រូវនៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវនៅតាមជុំវិញ បឹងទន្លេសាប ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ រួមមាន នៅខេត្តកំពង់ ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្របពេលដែលកសិករកំពុងតែប្រមូលផលស្រូវ OM 5451 ស្រូវស្រង៉ែ ស្រូវសែនក្រអូបផងដែរ។
សូមជម្រាបថា ក្រោយការពិនិត្យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយរោងម៉ាស៊ីន ក្នុងតំបន់ បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ៕