ក្រសួងសុខាភិបាល បិទវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាព ដល់បុគ្គលិកសុខាភិបាល និងមន្ត្រីបម្រើការងារតាមមជ្ឈមណ្ឌលជាតិ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានចូលរួមជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាព ដល់បុគ្គលិកសុខាភិបាល និងមន្ត្រីបម្រើការងារតាមមជ្ឈមណ្ឌលជាតិ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទា នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមឱសថការី ឈី ហុង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ និងបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ឱ្យអស់ពីកម្ពុជាដើម្បីឆ្លើយតបដោះស្រាយទៅនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសក្នុងឱកាសបិទសន្និបាតអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ និងទិសដៅឆ្នាំ ២០២៤ សម្ដេចបវរធិបតី បានដាក់ពាក្យស្លោក «ចូលរួមទាំងអស់គ្នា សម្រាប់កម្ពុជាគ្មានគ្រឿងញៀន»។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចាត់ទុកការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពនានា នៃកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដើម្បីប្ដេជ្ញាចិត្តបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ជាពិសេសការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀន គ្រឿងញៀន ក៏ដូចជាសម្រេចឱ្យបាននូវការចូលរួមកសាង និងដោះស្រាយសហគមន៍យើងគ្មានគ្រឿងញៀន ឯកឧត្តមឱសថការី បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់នូវការងារសំខាន់ៗមួយចំនួនរួមមាន៖ ទី១៖ ត្រូវខិតខំបន្តស្រាវជ្រាវរៀនសូត្របន្ថែមទៀតលើការងារព្យាបាល ស្តារនីតិសម្បទា និងការងារពាក់ព័ន្ធ ទី២៖ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលនេះ ទៅបន្តចែករំលែក និងអនុវត្តនៅក្នុងបណ្តាអង្គភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹងជំនាញបន្ថែមទៀត ស្របតាមអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសការងារព្យាបាល និងស្ដារនីតិសម្បទា និងសមាហរណកម្ម ទី៤៖ ត្រូវបន្តសហការ ទំនាក់ទំនងគ្នាឱ្យបានជាប់លាប់ និងចែករំលែកព័ត៌មាន ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី៥៖ ត្រូវបន្តអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ដល់សហការី ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប និងមានសិក្ខាកាមចូលរួមសរុបទាំងអស់ចំនួន ៧៥រូប (មន្ត្រីសុខាភិបាលចំនួន២៥រូប មន្រ្តីទទួលការងារស្តារនីតិសម្បទាចំនួន៥០រូប) ដែលមកពីមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការ រួមនឹងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលមានទីតាំងស្ថិតនៅជិតគ្នានឹងមជ្ឈមណ្ឌល ងាយស្រួលគាំទ្រជួយគ្នាទៅវិញទៅមក ករណីកើតមានអាសន្នភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត និងថែទាំសុខភាពអ្នកញៀនគ្រឿងញៀន៕