ក្រសួងប្រៃសណីយ៍ជូនដំណឹងស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១ មក។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍ ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦។
១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា
១.១. អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ៣០០ កន្លែង៖
*បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០ កន្លែង
– ទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Networking)៖ ជំនាញវិស្វកម្មទូរគមនាគមន៍និងបណ្ដាញ និងជំនាញសន្តិសុខសាយប័រ
– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)៖ ជំនាញវិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ
– ធុរកិច្ចឌីជីថល (Digital Business)៖ ជំនាញពាណិជ្ជកម្មអេឡិចត្រូនិក
*វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង
– វិស្វកម្មសុសវែរ (Software Engineering)
– វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)
*សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង
– វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic Engineering)
– វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)
*សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២០ កន្លែង
– វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
– គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)
*សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង
– សេដ្ឋកិច្ចឌីជីថល (Digital Economy)
– ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)។
១.២. អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០០ កន្លែង៖
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
– ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)
– បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)
– សន្តិសុខសាយប័រ (Cybersecurity)
– បញ្ញាសិប្បនិម្មិត (Artificial Intelligence)
– ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
– ការអភិវឌ្ឍសុសវែរ (Software Development)
– ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)
– ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)
២. អត្ថប្រយោជន៍នៃអាហារូបករណ៍
និស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
– កុំព្យូទ័រយួរដៃ ១គ្រឿង
– ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣ ១០០ – ២៤ ៧០០ ដុល្លារអាម៉េរិក
– ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា ជាដើម
– ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ក្នុងរយៈពេលបួនឆ្នាំនៃការសិក្សាដើម្បីធានាជោគជ័យ។
៣. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយ គណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖
– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ដែលមាននិទ្ទេសរួម A B ឬ C
– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់
– សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។
៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ
ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖
ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។
ខ. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមចុះឈ្មោះប្រឡងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈតំណភ្ជាប់ https://www.aupp.edu.kh/aupp-scholarships/techo-digital-talent-scholarship-application-form/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣ / ០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.
kh។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ហើយខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ដើម្បីអាចទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល៕