ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពុំបានជជែកគ្នាអំពីរឿង Miss Grand International នោះឡើយពេលជួបគ្នា
ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពុំបានជជែកគ្នាអំពីរឿង Miss Grand International នោះឡើយ នៅពេលជួបគ្នា នៅឯប្រទេសឡាវ ប៉ុន្តែមិនមែនបានន័យថា ប្រមុខដឹកនាំទាំងពីរ មិនបានដឹងរឿងនេះដែរ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (ថ្ងៃទី៩-១១ ខែតុលា ២០២៤) នៅប្រទេសឡាវ នៅយប់ថ្ងៃទី១១ ខែតុលានេះ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានអំពាវនាវឲ្យបញ្ចប់ការជជែកវែកញែក និងជេរគ្នាតទៅទៀត ករណី Miss Grand International ដែលអាចបង្កើតជាជម្លោះកាន់តែយូរថ្ងៃ។
សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះភាពតានតឹងបាននិងកំពុងកើតឡើង រវាងប្រជាពលរដ្ឋខ្មែរនិងថៃ ដោយសារតែម្ចាស់ក្រុមហ៊ុន Miss Grand International មានទីស្នាក់ការ នៅប្រទេសថៃ បានប្រមាថខ្មែរ ហើយចោទប្រកាន់ថា ម្ចាស់កម្មវិធី Miss Grand Cambodia រៀបចំកម្មវិធីមិនត្រូវស្តង់ដារ និងគ្មានវិជ្ជាជីវៈ៕