ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់៖ រឿង CLV-DTA មេដឹកនាំកម្ពុជា បានពន្យល់ផ្ទាល់មាត់ ទៅកាន់មេដឹកនាំឡាវ និងវៀតណាម
ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ជាព្រឹត្តិការណ៍ធម្មតាដូចសព្វដង ក្នុងជំនួបទទួលទានអាហារពេលព្រឹករួមគ្នា ហើយក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ផ្ទាល់មាត់អំពី CLV-DTA ដល់មេដឹកនាំឡាវ និងវៀតណាម ហើយភាគីទាំងពីរ (ឡាវ-វៀតណាម) សុទ្ធតែយល់អំពីការដកខ្លួនរបស់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ជុំវិញលទ្ធផល ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា ក្នុងជំនួបទទួលទាន អាហារពេលព្រឹករួមគ្នារវាង នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម, ទាំងភាគីវៀតណាម ទាំងភាគីឡាវ សុទ្ធតែយល់ពីមូលហេតុ ដែលបានជំរុញឲ្យកម្ពុជាដកខ្លួន ចេញពី CLV-DTA។
សូមជម្រាបថា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ទ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម បានជួបពិសាអាហារ និងពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងចំណង មេត្រីភាព និងកិច្ចសហប្រតិបត្តិការលើកិច្ចការនានា។នេះមិនមែនជារឿងថ្មីទេ ជាទម្លាប់រាល់ពេលជួបគ្នានាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា គឺតែងតែជួបពិសាអាហារ និងពិភាក្សាការងារ។ ជំនួបជាប្រពៃណីនេះ បានធ្វើឡើងតាំងពីនាយករដ្ឋមន្ត្រីមុនៗមកម្ល៉េះ៕