ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ៖ នាយករដ្ឋមន្រ្តីកាណាដា មើលឃើញពីសារៈសំខាន់របស់កម្ពុជា ជាហេតុជំរុញឱ្យកាណាដា សម្រេចបង្កើតស្ថានទូតនៅភ្នំពេញ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានលើកឡើងពីនយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជំរុញឱ្យកាណាដា សម្រេចបង្កើតស្ថានទូតថ្មីនៅទីក្រុងភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ បានប្រកាសថា កាណាដា នឹងបង្កើតស្ថានទូតថ្មី នៅទីក្រុងភ្នំពេញនាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។
ឯកឧត្ដមបណ្ឌិតបន្តថា ការបង្កើតស្ថានទូតនៅកម្ពុជានេះ ដោយនាយករដ្ឋមន្រ្តីកាណាដា មើលឃើញពីសារៈសំខាន់របស់កម្ពុជា ដែលមានសម្តេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង ជាហេតុជំរុញឱ្យកាណាដា សម្រេចក្នុងការបង្កើតស្ថានទូតនៅភ្នំពេញ។
ឯកឧត្ដមបណ្ឌិតបានសង្កេតឃើញថា ក្នុងជំនួបសំណេះរវាងនាយករដ្ឋមន្រ្តីកាណាដា និងកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង សុទ្ធតែមានវ័យក្មេង ស្រស់សង្ហាដូចគ្នា និងជជែកគ្នាដោយស៊ីសង្វាក់ ហើយភាពជោគជ័យមួយរបស់កម្ពុជា និងបង្ហាញពីនយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ដែលធ្វើឱ្យប្រទេសមួយយល់ពីសារៈសំខាន់របស់កម្ពុជា និងឈានទៅសម្រេចដាក់ស្ថានទូតនៅកម្ពុជា នាពេលខាងមុខ ខណៈព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោកផងដែរ៕