កម្ពុជាចង់ស្វែងយល់ពីការគ្រប់គ្រងតំបន់ព្រៃលិចទឹកនៅទីក្រុងហីឡុងជាំងប្រទេសចិន
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាង តាវៃ ប្រធានគណៈប្រតិភូសភាខេត្តហីឡុងជាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ កម្ពុជា-ចិន តាំងពីជំនាន់មុនរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលបានលើកកម្ពស់កិច្ចសហប្រតិបត្តិការការទូត កាន់តែរឹងមាំនិងស៊ីជម្រៅក្នុងការកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីជាចលករថ្មីជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាក់ស្តែងការពង្រឹងកិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆានិងអង្ករជាដើម។
ឯកឧត្តមប្រធានគណៈកម្មការទី៥ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កម្ពុជាខិតខំប្រឹងប្រែងពង្រឹងគុណភាព និងស្តង់ដារទំនិញកសិកម្ម ដើម្បីឱ្យការធ្វើពាណិជ្ជកម្មរបស់យើងកាន់តែទូលំទូលាយ ព្រមជាមួយនឹងការពង្រឹងវិស័យទេសចរណ៍ សាសនា និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាសម្បត្តិវប្បធម៌របស់កម្ពុជា និងសំណូមពរឱ្យភាគីចិនពិនិត្យទៅលើព័ត៌មានមិនពិតមួយចំនួនដែលបានបង្ហោះ នៅលើបណ្តាញសង្គមកាលពីប៉ុន្មានឆ្នាំមុន និងដែលអាចធ្វើឱ្យទេសចរជនជាតិចិនមានការយល់ច្រឡំអំពីកម្ពុជា។
ឯកឧត្តម វ៉ាង តាវៃ បានលើកឡើងថាកិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺជាកិច្ចការអាទិភាព ជាពិសេសកម្ពុជា ព្រោះប្រជាជនចិនស្រឡាញ់កម្ពុជា និងអះអាងថាអង្ករ និងកសិផលកម្ពុជា នឹងមានចរាចរណ៍នៅលើទីផ្សារខេត្តហីឡុងជាំង។
ឯកឧត្តមក៏បានជម្រាបជូនផងដែរអំពីសក្តានុពលបច្ចេកវិទ្យា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌ នៃខេត្តហីឡុងជាំង ជាពិសេសសក្តានុពលភូមិសាស្រ្តក្នុងខេត្តនេះដែលស្ថិតនៅ ភាគឦសាននៃប្រទេសចិន មានផ្ទៃដីប្រមាណ៤៧ម៉ឺនម៉ែត្រការ៉េ ដែលជិតពាក់កណ្តាលនៃផ្ទៃដីនេះគ្របដណ្តប់ទៅដោយព្រៃលិចទឹក និងបានក្លាយជាតំបន់ទេសចរណ៍គួរជាទីចាប់អារម្មណ៍ ជាមួយនឹងភាពអស្ចារ្យនៃចម្លាក់ទឹកកក។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបាន គោរពអញ្ជើញថ្នាក់ដឹកនាំកម្ពុជាទៅទស្សនកិច្ចនៅខេត្តហឺឡុងជាំង ក្នុងកំឡុងខែមករានិងខែកុម្ភៈដែលជាពេលវេលាល្អបំផុតក្នុងការទស្សនា ចម្លាក់ទឹកកកស្នាដៃល្អឯករបស់ប្រជាជនចិន។
ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៥ បានទទួលយកសំណើនេះ នឹងជម្រាបជូនថ្នាក់ដឹកនាំក្នុងការពិចារណាទៅពេលវេលាសមស្របណាមួយ។ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា កម្ពុជាមានព្រៃលិចទឹកនៅតាមតំបន់បឹងទន្លសាបប្រមាណជា៥០%នៃផ្ទៃប្រទេស ដូច្នេះកម្ពុជាមានបំណងចង់ស្វែងយល់អំពីការអនុវត្តល្អ ទាក់ទងនឹងវិស័យកសិកម្ម ព្រៃឈើ ទេសចរណ៍ និងវប្បធម៌នៅខេត្តហីឡុងជាំងនិងបានស្នើឱ្យសភាខេត្តហីឡុងជាំងពិចារណាធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តណាមួយ នៃប្រទេសកម្ពុជាលើវិស័យដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនទាំងសងខាង។
សូមជម្រាបជូនថា គណៈប្រតិភូសភាដែលដឹកនាំដោយ ឯកឧត្តម វ៉ាង តាវៃ អគ្គនាយករងនៃគណ:កម្មាធិការត្រួតពិនិត្យ និងយុត្តិធម៌នៃសភាប្រជាជនខេត្តហីឡុងជាំង គឺជាគណៈប្រតិភូទី១ដែលមកទស្សនកិច្ចនៅកម្ពុជា តាមរយៈការអនុវត្តនូវអនុស្សារណៈយោគយល់គ្នា (MOU) រវាងរដ្ឋសភាកម្ពុជានិងសភាប្រជាជនចិន និងការចុះ MOU រវាងអគ្គលេខាធិការដ្ឋាននៃសភាប្រទេសទាំងពីរ ដែលធ្វើឡើងក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ៕