សម្តេច ម៉ែន សំអន ស្នើឲ្យសិក្ខាកាមចែករំលែកបទពិសោធន៍ដែលទទួលបានពីវគ្គសិក្សាទៅដល់មូលដ្ឋានរៀងខ្លួន
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សវគ្គ១ និងប្រគល់វិញ្ញាបនប័ត្រជូន សិក្ខាកាម ជំនាន់ទី៨២ នៅវិមាន៧មករា ដែលមានសិក្ខាកាមចូលរួមចំនួន ១៥១រូប នារសៀលថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថ្លែងនូវការកោតសសើរ ចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលា និងគោរពបាននូវបទបញ្ជារបស់វគ្គ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ ដោយការយកចិត្តទុក្ខដាក់ និងការទទួលខុសត្រូវខ្ពស់។
សម្តេចកិត្តិសង្គបណ្ឌិត បានបន្តទៀតថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេស តាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អ ប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខា កាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យសិក្ខាកាមក្នុងជំនាន់ទី៨២នេះ សូមចូលរួមចែករំលែកបទពិសោធន៍ ដែលទទួលពីវគ្គនេះ ត្រូវធ្វើការផ្សព្វផ្សាយបន្ត ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានរៀងរបស់ខ្លួន ៕