សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិក WTO
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សួមរំលឹកថា កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៤៨។ រយៈពេល២០ឆ្នាំមកនេះ កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។
ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម «ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)» ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់។
បន្ថែមពីនេះ ក្នុងនាមជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជាទទួលបាននូវអត្ថប្រយោជន៍បន្ថែម ដូចជា «ប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SD&T)» និង «ច្រកទីផ្សារ ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)» ក៏ដូចជាវិធានការអនុគ្រោះ មួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឲ្យបានពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ទទួលបាននូវជំនួយពីសមាជិក WTO និងអង្គការអន្តរជាតិនានា សម្រាប់ការពង្រឹង និងការធ្វើកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់ទាំងឡាយដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារៈអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឲ្យកម្ពុជា មានសមត្ថភាពទាញយកផលប្រយោជន៍ជាអតិបរិមាពី WTO៕