សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នឹងបាត់បង់នូវគោលការណ៍អនុគ្រោះមួយចំនួន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា នៅពេលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នឹងត្រូវបាត់បង់គោលការណ៍អនុគ្រោះមួយចំនួន ។
ក្នុងឱកាសអញ្ជើញអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ប៉ុន្ដែនៅពេលចេញពីប្រទេសអភិវឌ្ឍតិចតួច យើងនឹងប្រឈមអី? យើងនឹងត្រូវបាតបង់មួយចំនួន នូវគោលការណ៍អនុគ្រោះមួយចំនួន។ យើងត្រូវការអនុគ្រោះ ដូចជា ខាងពាណិជ្ជកម្មមួយចំនួន ខាងហិរញ្ញវត្ថុ ថា ឥឡូវមានអ្នកឯងមានហើយ លុយខ្ចីរៀងខ្ពស់បន្ដិចទៅ អញ្ចឹងសំណួរសួរទៀតថា បើលំបាកចឹងចេញធ្វើអី យើងនៅសម្ងំនៅធ្វើប្រទេសក្រីក្រទៅគេអោយធូរ។ សំណួរសួរថា យើងនៅក្រមួយជីវិតឬយ៉ាណា? តើយើងនៅរំពឹងគេរហូតតាមការអនុគ្រោះ ឬត្រូវរំពឹងខ្លួនឯង? ចម្លើយ គឺយើងគ្មានជម្រើសអ្វី ពង្រឹងការឯករាជ្យភាព និងម្ចាស់ការរបស់យើង តាមរយៈការចាកចេញពី LDC ដើម្បីពង្រឹងខ្លួនឯងបន្ថែមទៀត»។
សម្ដេចធិបតីសង្កត់ធ្ងន់ថា បើទោះបីមិនទទួលបានការ អនុគ្រោះនៅពេលចាកចេញពីប្រទេសក្រីក្រ ប៉ុន្ដែកម្ពុជាត្រូវតែចាកចេញ ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០៕