រយៈពេល៩ខែ កម្ពុជានាំចេញអង្ករជាង៤៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ៣០០លានដុល្លារ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៤៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់៣៣៥.៤០ លានដុល្លារអាមេរិក។
ប្រភពបានឱ្យដឹងថា អង្ករចំនួន៤៤៥ ៩១៣តោន ត្រូវបាននាំចេញ តាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក , ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន៧ប្រទេសបានបរិមាណចំនួន៨៦ ០៤៣ តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៩ ៧១៦ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៨៧ លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពបន្ថែមថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២.០១% ប្រភេទអង្ករស ធម្មតា ២២.៥២% អង្ករចំហ៊ុយ ៣.៣១% អង្ករសរីរាង្គចំនួន ១.៨២% និងអង្ករផ្សេងៗចំនួន ០.៣៤% ។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦.៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕