គណៈកម្មការទី៨ រដ្ឋសភាចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការ និងជាតំណាងឱ្យគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនស្ទើរគ្រប់វិស័យរបស់ខេត្តមណ្ឌលគិរី ជាពិសេសវិស័យទាំងបួនដែលគណៈកម្មការទី៨ ទទួលបន្ទុក។
ឯកឧត្តមបានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ យឿន តំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅសាលាខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព និងសុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។ ដូច្នេះ ការពង្រឹងសេវាសុខភាពគ្របដណ្តប់ជាសកល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកត្រូវបន្តលើកកម្ពស់ និងធ្វើការអភិវឌ្ឍ ព្រមទាំងសហការកសាងភាពជាដៃគូរជាមួយសុខាភិបាលឯកជនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា។ ជាមួយគ្នានេះការពង្រឹងវិស័យសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ក៏ជាអាទិភាពស្នូលនៃការឈានទៅសម្រេចបានយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផងដែរ។
ជាការឆ្លើយតប ឯកឧត្ដម ថង សាវុន អភិបាលខេត្តបានសម្តែងការអរគុណចំពោះគណៈប្រតិភូ ដែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់ខេត្ត និងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងនិងបញ្ហាប្រឈម នៅក្នុងវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សង្គមកិច្ច និងកិច្ចការនារី រួមមាន៖ (១)ការកើនឡើងនៃជំងឺមិនឆ្លងនិងយន្តការឆ្លើយតបថ្នាក់ខេត្ត (២)ការចុះឈ្មោះចូលរៀនជំនាញបន្ថែមក្នុងចំណោមយុវជននៅសាលាពហុបច្ចេកទេសខេត្តមណ្ឌលគិរីនិងយន្តការផ្សព្វផ្សាយដល់សហគមន៍អំពីអត្ថប្រយោជន៍ (៣)ពង្រឹងសេវាសង្គមកិច្ច ដោយបានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ និង(៤)ពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីមេម៉ាយ ស្ត្រីក្រីក្រគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងនេះ ឯកឧត្តម ក៏បានបង្ហាញពីការព្រួយបារម្ភ អំពីកង្វះខាតបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ អាគារព្យាបាលជំងឺ និងធនធានមនុស្សដែលមានជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាពផងដែរ។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានកោតសរសើរជាថ្មី ដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យទាន់ពេលវេលា។ យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិចអំបិលតិច ខ្លាញ់តិចជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្ត។
ឯកឧត្តមបានគូសបញ្ជាក់ថា ជំងឺមិនឆ្លងបានសម្លាប់ប្រជាពលរដ្ឋប្រមាណ ១៦៤នាក់ក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០១៦ ដូច្នេះ ឯកឧត្តមបណ្ឌិតស្នើសុំឱ្យខេត្តបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ យុវជន ក្រីក្រ ងាយរងហានិភ័យ នៅតាមភូមិឃុំឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីអភិវឌ្ឍន៍ខ្លួនទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។
ឯកឧត្តមបណ្ឌិត ក៏សូមស្នើឱ្យអាជ្ញាធរខេត្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតាមភូមិ និងចំណាកស្រុកឱ្យបានពិតប្រាកដ ដើម្បីទទួលបានទិន្នន័យត្រឹមត្រូវក្នុងការធ្វើផែនការបណ្តុះបណ្តាល។ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្ត ឱ្យពង្រឹងបន្ថែមទៀតនូវជំនាញស្របទៅតាមទីផ្សារការងារ និងទំនាក់ទំនងជាមួយវិស័យឯកជន ស្វែងរកការងារជូនដល់សិស្សគ្រប់រូប ដែលបានរៀនចប់ មានចំណេះ ជំនាញ ស្របតាមពាក្យស្លោក “រៀនឱ្យចេះ រៀនឱ្យចប់ និងមានការងារធ្វើ”៕