សម្ដេចធិបតី បញ្ជាឱ្យពិនិត្យមើលការបែកធ្លាយវីដេអូជនល្មើសនៅជាប់ពន្ធនាគារ “ម១” រាំច្រៀង ប្រើសប្រាស់គ្រឿងញៀន និងមានស្រីស្នេហ៍ចូលដេកដល់ក្នុងពន្ធនាគារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យពិនិត្យមើលការបែកធ្លាយវីដេអូជនល្មើសនៅជាប់ពន្ធនាគារ “ម១” ដែលមានការរាំច្រៀង ប្រើសប្រាស់គ្រឿងញៀន និងមានស្រីស្នេហ៍ចូលដេកដល់ក្នុងពន្ធនាគារ បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។
ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីប៉ុន្មានថ្ងៃមកនេះ ឃើញមានការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុកករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ហើយសម្ដេចបានជជែកជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ រួចហើយ ដើម្បីពិនិត្យ និងឆែកមើលឱ្យបានច្បាស់លាស់ និងស្រាវជ្រាវថារឿងនឹងវាមានពិតប្រាកដឬទេ? ខណៈបច្ចុប្បន្ននេះ បណ្ដាញសង្គមហ្វេកប៊ុកមិនដឹងកាលពី ១០ឆ្នាំមុន ឬឥឡូវនេះនោះទេ។ ប៉ុន្ដែធ្វើយ៉ាងណា យើងត្រូវធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាគារ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាការនៅ “ម១” នេះ គឺពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ន ៕