នាយករដ្ឋមន្ត្រី ព្រមានអ្នកដែលខ្ចីដៃពលរដ្ឋដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ នឹងត្រូវប្រឈមនឹងផ្លូវច្បាប់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រដើម្បីស្នើសុំដីរាប់ពាន់ ហិកតាពីរដ្ឋ ដែលនោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។
សម្ដេចធិបតីបញ្ជាក់”ម្សិលមិញ ខ្ញុំស៉ឺញ៉េឯកភាព២ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី៣០០គ្រួសារ សុំកាត់ឆ្វៀលដី១០០០ ឬ២០០០ហិកតាយកទៅឱ្យ ប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ឱ្យឯកឧត្តម សាយ សំអាល់ តែអ្នកតំណាងប្រជាពលរដ្ឋនោះ មិនដឹងប្រជាពលរដ្ឋនៅឯណា ហើយស្នើសុំសុទ្ធតែដីក្នុងឧទ្យានជាតិ”។
សម្ដេចធិបតី បានផ្ដាំទៅកាន់អ្នកដែលចង់ក្លែងបន្លំតាមវិធីហ្នឹង (អ្នកដែលខ្ចីដៃពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ) នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះជាបទល្មើសបោកបញ្ឆោត។ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឱ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ យើងបានអនុវត្ត គោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។
សម្ដេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំធ្វើតាមមេខ្យល់ដែលខ្ចីដៃប្រជាពលរដ្ឋស្នើសុំដីរដ្ឋ ហើយទៅទន្ទ្រានដីព្រៃដីរដ្ឋ។ ប្រសិនបើអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលមានយន្តការផ្ដល់ដីពិតប្រាកដ។ តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាងភូមិឃុំនៅលើដីថ្មីនោះ៕