រដ្ឋបាលខេត្តកំពង់ធំ រៀបចំពីធីបួងសួងលោកតាឥ និងលោកតាក្រហមក សុំសេក្តីសុខចម្រើន នៃការរៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ នៅក្នុងខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធពិធីបួងសួងលោកតាឥ និងលោកតាក្រហមក ដើម្បីសុំសេចក្តីសុខចម្រើនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក្នុងពិធីបុណ្យអុំទូកថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ អោយមានដំណើរការប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ ។
ក្នុងឱកាសនៃការប្រារព្ធពិធីអុំទូក ក្នុងខេត្តកំពង់ធំ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីបុណ្យអុំទូកនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូកឱ្យបានច្រើនកុះករដើម្បីញ៉ាំងបរិយាកាសពិធីនេះឱ្យសប្បាយរីករាយផងដែរ៕