សុខទុក្ខរបស់កីឡាករ នៅលើទូក ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ទូទាំងខេត្តបាត់ដំបង
ភ្នំពេញ៖ ទូកងឈ្មោះ(រាជសីហ៍សរជ័យ) គឺជាទូកងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញវត្តមានចំនួន ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២៣និងឆ្នាំ២០២៤ នេះនៅលើផ្ទៃទឹកស្ទឹងសង្កែដ៏ថ្លាយង់ នាក្រុងបាត់ដំបង បង្ហាញនូវសមត្ថភាព និងទេពកោសល្យយ៉ាងស្ទាត់ជំនាញរបស់កីឡាចំណុះទូកអុំមួយនេះ ។
ដើម្បីរួមសុខ រួមទុក្ខជាមួយកីឡាកចំណុះទូកទាំងអស់ ដែលបាននិងកំពុងត្រៀមខ្លួនប្រកបដោយភាពក្លាហាន នាព្រឹកព្រលឹម ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ ក្រោមដំណក់ព្រះពិរុណ ចុងរដូវវស្សានេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោក លោកស្រី ស្នងការរងនិងកងកម្លាំងនគរបាលជាច្រើនរូបទៅជួបផ្ទាល់ដល់ទីកន្លែងស្នាក់នៅនិងហ្វឹកហាត់របស់កីឡាកចំណុះទូក ដើម្បីបានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខក្នុងខណៈដែលកីឡាកបានប្រឹងប្រែងហ្វឹកហាត់ ក្រោមបញ្ជាការដឹកនាំចំណុះទូកដើម្បីទទួលជ័យលាភីក្នុងពេលប្រកួតនាថ្ងៃនេះនិងថ្ងៃស្អែកដែលជាថ្ងៃចុងក្រោយ។
លោកឧត្តមសេនីយទោស្នងការ បានកោតសរសើរចំពោះទឹកចិត្តនិងការខិតខំរបស់កីឡាកចំណុះទូកទាំងអស់ ដែលបានចំណាយពេល វេលាចូលរួមជាមួយគ្នាក្នុងការហ្វឹកហាត់ ហើយក្នុងនាមកងកម្លាំងនគរបាលចំណុះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ សូមចូលរួមចំណែករួមសុខរួមទុក្ខជាមួយកីឡាកចំណុះទូកទាំងអស់ និង សង្ឃឹមទទួលបានជ័យលាភី នៅថ្ងៃបិទបញ្ចប់ការប្រណាំងនេះ។
ទន្ទឹមនឹងការសាកសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្លៀកបំពាក់និងបរិក្ខាមួយចំនួនទៀត ប្រគល់ជូនកីឡាចំណុះទូកទាំងអស់ បានប្រើប្រាស់ និងទទួល ទាននៅក្នុងរយៈពេលនេះ ដោយសោមនស្សន៍រីករាយ៕