មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធដំណើរការសមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ជួន ជីវិន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធ ដំណើរការរបស់សមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា ក្រោមអធិបតីភាព ។
ឯកឧត្ដមមានជំនឿថា សមាគមនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការអភិវឌ្ឍការអប់រំដល់យុវវ័យ និងជាការចូលរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា នឹងផ្តល់នូវឱកាសដ៏មានតម្លៃ សម្រាប់កុមារ និងយុវជន ដើម្បីទទួលបានឱកាសកាន់តែច្រើន នៅក្នុងការរួមចំណែក បង្កើនគុណភាពអប់រំ ជាពិសេសនៅជនបទ និង ចូលរួមបំពេញសក្តានុពលរបស់សិស្ស និស្សិត ដើម្បីឱ្យសិស្ស និស្សិតអាចឈានទៅចាប់បាននូវក្តីសុបិនរបស់ខ្លួន។
ឯកឧត្ដមបានថ្លែងអំណរគុណ ដល់អ្នកដែលបានចូលរួមឧបត្ថម្ភទាំងស្មារតី ថវិកា និងកម្លាំងកាយ ដល់ការបង្កើតសមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា នេះឡើង។
ក្នុងឱកាសនោះ ឯកឧត្ដមបានផ្តល់អនុសាសន៍មួយចំនួនដល់ សមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា ដូចខាងក្រោម ៖
១. ស្នើសុំគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទដ្ឋាននានា ដែលទាក់ទងនឹងការគ្រប់គ្រងអង្គការ សមាគម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២. ចូលរួមផ្តល់កិច្ចគាំទ្រនានាដល់បុព្វហេតុ ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយឈរលើគោលការណ៍ច្បាប់ និងបទដ្ឋាននានា ដែលចូលជាធរមាន។
៣. រួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ឱកាសកាន់តែច្រើន ដល់សិស្ស និស្សិត យុវជន ដែលត្រូវការជំនួយ ស្របតាមគោលការណ៍របស់សមាគម មូលនិធិ ហើយជំរុញដល់ការលើកកម្ពស់មូលធនមនុស្ស នៅកម្ពុជា។
៤. សហការជាមួយបណ្តាអង្គការ សង្គមស៊ីវិលនានា ដើម្បីរួមកម្លាំងគ្នាក្នុងស្មារតីជាតិ និង បម្រើដល់ផលប្រយោជន៍សាធារណៈ ជាអាទិភាព៕