ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាមនៅខណ្ឌឬស្សីកែវ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន ៤នាក់(អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ។
ជនរងគ្រោះទាំង៤នាក់ ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀតបានបំភ្លឺផ្តល់ព័ត៌មាន។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្ថែមថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ព្រះរាជអាជ្ញាអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាក់ថា សមត្ថកិច្ចបន្តស្រាវជ្រាវរកភស្តុតាង និងស្វែងរកកុមាររងគ្រោះផ្សេងទៀត ៕