ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់បេឡាជាតិសន្ដិសុខសង្គម ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្ដី និងការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។
កិច្ចប្រជុំផ្ទៃក្នុងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទទាំងអស់ត្រូវតែរួមគ្នាកែលម្អ និងខិតខំរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈម ចំណុចខ្វះខាតធ្វេីយ៉ាងណាសម្រេចឱ្យបាននូវគោលដៅដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី សំដៅធានាការផ្តល់សេវាសន្តិសុខសង្គម ប្រកបដោយគុណភាព រហ័ស និងប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំផ្ទៃក្នុងនាព្រឹកនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាលដោយផ្ទាល់ និងប្រធាន អនុប្រធានសាខាខេត្ត-ខណ្ឌ តាមរយៈប្រព័ន្ធZoom សរុបប្រមាណជា ៤០០រូប ៕