អភិបាលខេត្តកណ្តាល ណែនាំកីឡាករចំណុះទូកទាំងអស់ គោរព វិន័យឲ្យបានមុឺងម៉ាត់ នៅពេលប្រកួត
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។ ពិធីជួបសំណេះសំណាលនេះធ្វើឡើងនៅមុខសួនច្បារក្រុងតាខ្មៅកាលពីថ្ងៃទី១៧តុលាឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញុាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖
ទូកអុំចំនួន ៣៣ទូក, ទូកចែវ ៦ទូក, ទូកអន្តរជាតិ ២៧ទូក។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន ៤១ទូក ទូករាជធានី ភ្នំពេញចំនួន ៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន ២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់ ៕