សម្តេចបវរធិបតី៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតី ជាការគាស់រំលើងក្បាច់គុនបុរាណរបស់ដូនតាខ្មែរ ឱ្យងើបឡើងវិញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ជុំវិញការបង្កើតឱ្យមានការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតី គឺចង់គាស់រំលើងក្បាច់គុនបុរាណរបស់ដូនតាខ្មែរផ្សេងៗទៀត ក្រៅពីគុណខ្មែរ និងល្បុក្កតោ ដែលស្ទើតែរលុបបាត់ ឱ្យរស់ឡើងវិញ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងយុវជន និងចងក្រងជាឯកសារ។
សម្ដេចបានបញ្ជាក់បែបនេះក្នុងឱកាស អញ្ជើញពិនិត្យលើការត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតី ដែលជាសកម្មភាពក្រៅផ្លូវការរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី រសៀលថ្ងៃពុធ ទី១៦ តុលា ២០២៤។
សម្តេចធិបតី មានប្រសាសន៍ថា “គំនិតនេះ ខ្ញុំធ្លាប់មានប្រហែលជា៥ទៅ៦ឆ្នាំហើយ តាំងពីនៅកងទ័ព កាលនោះបបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើងអត់ទាន់ចេញ គិតថា យើងធ្លាប់មានតែគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោ ជាមួយល្បុក្កតោ យើងសាក Mix Martial Art ប៉ុន្តែក្នុងក្របខណ្ឌក្បាច់គុនខ្មែររបស់យើង ចឹងថ្ងៃនេះ ដែលបានរៀបចំចេញ ខ្ញុំសូមអរគុណដល់ឯកឧត្តម ថោង ខុន ឯកឧត្តម វ៉ាត់ ចំរើន ក្រុមការងារក្នុងការរៀបចំ ហើយអរគុណណាស់ ចំពោះបងប្អូនទាំងអស់ដែលបានចូលរួម នៅក្នុងកិច្ចការប្រកួតលើកនេះ ជាលើកទី១ ដែលយើងរៀបចំ”។
សម្តេចធិបតីបន្ថែមថា “គោលដៅធំមិនមែនតែការប្រកួតនេះទេ គោលដៅធំនៃការប្រកួតក្បាច់គុនបុរាណខ្មែរនេះ គឺគោលដៅទី១ ចង់ឱ្យយើងប្រមូលក្បាច់គុណទាំងអស់ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋយើង យុវជនយើង សូម្បីតែគណៈកម្មការយើងក៏ចង់ដឹងដែរ ថាតើ មានក្បាច់ គុនខ្មែរ ដែលនៅលើទឹកដីខ្មែរយើង មានប៉ុន្មានប្រភេទដែលនៅសល់ រាល់ថ្ងៃយើងឃើញតែល្បុក្កតោ យើងឃើញគុនខ្មែរល្បី ព្រោះមានទីផ្សារ ចុះក្បាច់គុណផ្សេងទៀត ជួនកាលក្បាច់គុណខ្លះ ដែលសឹងតែផុតទៅហើយ នៅក្នុងភូមិណាមួយនោះ ចង់ឱ្យឱកាសចូលមកវិញ ចឹងចង់ថាធ្វើម៉េចមានការចូលរួមច្រើន” ។
សម្តេចបន្តថា “ទី២ គឺជួយបំផុសនូវក្បាច់គុណរបស់យើង ដែលបងប្អូនបានហ្វឹកហ្វឺនតាមក្លឹបខុសៗគ្នា ឥឡូវចូលមកប្រកួតគ្នា ទាំងសម្តែងទាំងប្រយុទ្ធ ដើម្បីយើងអាចផ្លាស់ប្តូរបទពិសោធន៍ផង បង្កើនមិត្តភាពថ្មីផង ហើយមួយទៀត សម្រាប់ជួយដល់ការចងក្រង ព្រោះឥឡូវយើងបានបង្កើតគណៈកម្មការស្រាវជ្រាវចង់ក្រង ក្បាច់គុនខ្មែរ ដែលខ្ញុំចុះហត្ថលេខាបង្កើតនៅខែមុន ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធាន ហើយអញ្ជើញលោកគ្រូ ព្រឹទ្ធាចារ្យចាស់ទុំ ដែលមាន ដើម្បីមកចងក្រងទុកឯកសារ ព្រោះកាលរៀបចំចងក្រង ការបំផុសអភិរក្ស ជំរុញលើកស្ទួយ មាន៣ដំណាក់កាល ៣សកម្មភាពសំខាន់ ទី១គឺចងក្រង ទី២គឺផ្សព្វផ្សាយ ទី៣ដាក់ឱ្យអនុវត្ត ចឹងចងក្រងសំខាន់ណាស់ ដែលការប្រកួតថ្ងៃនេះ សង្ឃឹមថា ក្បាច់គុនមួយចំនួន ដែលយើងហៅថា គ្មានហាងឆេង ដែលមិនមានការប្រកួតទូលំទូលាយ ដែលមិនអាចរៀបចំការប្រកួតបាន តែនៅមានអ្នកអនុវត្តប្រត្តិបត្តិនៅតាមភូមិខ្លះ បើសិនជាអត់មានទេគឺអាចបាត់ទៅ មានឱកាសចូលមក ដើម្បីស ម្តែងបង្ហាញ ហើយសំខាន់ភ្ជាប់ជាមួយក្រុមការងារ ដើម្បីយើងដឹង យើងចាប់ផ្តើមស្រាវជ្រាវបន្ថែម ចងក្រងឡើងវិញ”៕